សហរដ្ឋអាមេរិកបើកឆាកវាយប្រហារតាមអាកាសលើប្រទេសស៊ីរីបន្ទាប់ពីលោក ចូ បៃដិន កាន់តំណែងបានប្រមាណ១ខែ
(វ៉ាស៊ីនតោន)៖ នេះបើយោងយាមការចុះផ្សាយរបស់សារព័ត៌មានរយទ័រ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន Joe Biden បានដឹកនាំយោធាអាមេរិកវាយប្រហារតាមអាកាសនៅភាគខាងកើតប្រទេសស៊ីរី ប្រឆាំងនឹងទីតាំងដែលជាកម្មសិទ្ធិរបស់កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងការឆ្លើយតប ចំពោះការវាយប្រហារគ្រាប់រ៉ុក្កែតប្រឆាំង នឹងគោលដៅសហរដ្ឋអាមេរិក នៅអ៊ីរ៉ាក់។
អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោក John Kirby បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារបានបំផ្លាញទីតាំងជាច្រើននៅចំណុចត្រួតពិនិត្យព្រំដែន ដែលត្រូវបានប្រើដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ រួមមានក្រុម Hezbollah និងក្រុម Sayyid al-Shuhada ។
គួរបញ្ជាក់ថា ការវាយប្រហារគ្រាប់រ៉ុក្កែតទៅលើមូលដ្ឋានសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ត្រូវបានធ្វើឡើង នៅពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ កំពុងស្វែងរកផ្លូវដើម្បីវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥វិញ៕